កម្ពុជាទទួលជំនួយចំនួនមួយពាន់លានដុល្លារ សម្រាប់ឆ្នាំ២០០៩
ភ្នំពេញ៖ ដោយជម្នះនឹងវិបត្តិហិរញ្ញវត្ថុពិភពលោកនោះ ប្រទេសនិងសហគមន៍ផ្ដល់ជំនួយកាលពីថ្ងៃទី៥ ខែធ្នូ បានសន្យាផ្ដល់ជំនួយចំនួនជាង ៩៥១,៥លានដុល្លារមកឲ្យប្រទេសកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០០៩ ដោយទទួលស្គាល់ពីកិច្ចការដែលរដ្ឋាភិបាលសម្រេចកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ការពង្រឹងអភិបាលកិច្ចល្អ
និងការលុបបំបាត់អំពើពុករលួយគឺជាលក្ខខណ្ឌដែលទាមទារឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យមានប្រសិទ្ធភាព។ ការសន្យាផ្ដល់ជំនួយដ៏ច្រើនជាងការរំពឹងទុកនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃប្រទេសនិងនោះបាននិយាយថា នៅក្នុងរយៈពេលបីឆ្នាំ២០០៩-២០១១ សហភាពអឺរ៉ុបរំពឹងថា នឹងផ្ដល់ជំនួយចំនួន
៥៩៥លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកបាននិយាយបន្ថែមទៀតថា ដៃគូអភិវឌ្ឍន៍អឺរ៉ុបសូមសម្ដែងនូវការចាំបាច់សម្រាប់ការធ្វើឲ្យមានការរីកចម្រើនសេដ្ឋកិច្ចខ្ពស់គាំទ្រដល់អ្នកក្រីក្រ ដោយក្នុងនោះមានការវិនិយោគបរទេសដោយផ្ទាល់នៅកម្ពុជា ដើម្បីជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ គុណភាព និងចីរភាពនៃការវិនិយោគបរទេសដោយផ្ទាល់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធច្បាប់ប្រកបដោយ
តម្លាភាព និងអភិបាលកិច្ចល្អ។ ដៃគូអឺរ៉ុបសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដើម្បីជួយរដ្ឋាភិបាលនៅក្នុងវិស័យ
ទាំងអស់នេះ។
ចំណែកលោក ស៊ីណូ ហារ៉ា (Katsuhiro SHINOHARA) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាវិញ
បាននិយាយថា ប្រទេសជប៉ុនមានការសប្បាយចិត្តដែលបានដឹងអំពីសមិទ្ធផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តជាប់រហូត។ លោកបាននិយាយទៀតថា យើងសូមបញ្ជាក់ការគាំទ្ររបស់យើងបន្តទៀតចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ប្រទេសជប៉ុនរំពឹងថា នឹងផ្ដល់ជំនួយចំនួន ១១២,២៩លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេលពីពេលនេះ
ដល់ឆ្នាំ២០១១។
ទន្ទឹមនឹងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកនេះ អ្នកផ្ដល់ជំនួយក៏បានទាមទារផងដែរឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹង
អភិបាលកិច្ចល្អ និងបំបាត់អំពើពុករលួយដើម្បីធានាថា ប្រជាជនកម្ពុជាគឺជាអ្នកទទួលផលពិតប្រាកដពី
ជំនួយទាំងនេះ។
ក្រុមធនាគារពិភពលោក បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោងការទាមទារឲ្យមានអភិបាលកិច្ចល្អនៅកម្ពុជា ដើម្បីជួយឲ្យលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍ និងអភិបាលកិច្ច និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះតម្រូវការរបស់ពួកគាត់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃ
ទី៥ ខែធ្នូ ធនាគារពិភពលោកបាននិយាយថា អភិបាលកិច្ចល្អត្រូវបានទទួលស្គាល់ថា ជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ចំណែកអំពើពុករលួយវិញ ត្រូវបានទទួល
ស្គាល់ថា ជាការរារាំងដ៏ធំធេង ចំពោះសមត្ថភាព និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលហើយវាជះឥទ្ធិពលមិនស្មើភាពគ្នាដល់ប្រជាជនក្រីក្រ។ ការលើកកម្ពស់ឲ្យប្រជាជនទាមទារនូវអភិបាលកិច្ចល្អ គឺបានក្លាយទៅជាមធ្យោបាយគន្លឹះមួយសម្រាប់ភាពប្រសើរឡើងនៃតម្លាភាព និងការទទួលខុសត្រូវក្នុងកិច្ចការ
សាធារណៈ ហើយក៏ជាចំណែកមួយនៃយុទ្ធសាស្ត្រអភិបាលកិច្ច និងការប្រឆាំងអំពើពុករលួយរបស់ធនាគារពិភពលោក។
គម្រោងរយៈពេល៤ឆ្នាំពីការទាមទារឲ្យមានអភិបាលកិច្ចល្អ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ធនាគារពិភពលោកក្នុងការជួយដោះស្រាយបញ្ហាអភិបាលកិច្ចនៅកម្ពុជា។ ទោះបីជាប្រទេសនេះបានសម្រេចនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលគួរឲ្យកោតសរសើរក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ
នេះយ៉ាងណាក៏ដោយ ក៏អភិបាលកិច្ចនៅតែជាឧបសគ្គដ៏ចម្បងមួយសម្រាប់ការអភិវឌ្ឍន៍ឲ្យបានទូលំទូលាយ និងការកាត់បន្ថយភាពក្រីក្រឲ្យបានច្រើនជាងនេះ។ អំពើពុករលួយ ភាពទន់ខ្សោយនៃការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ និងទន់ខ្សោយស្ថាប័នត្រួតពិនិត្យ ហើយបន្តការនានាបានផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
កត្តាទាំងនេះ រារាំងការវិនិយោគទុនបរទេស និងការបង្កើតការងារបង្អាក់រដ្ឋាភិបាលចំពោះតម្រូវការចំណូល ហើយវារួមចំណែកធ្វើឲ្យប្រជាជនកម្ពុជាជាងមួយភាគបីរស់នៅក្នុងភាពក្រីក្រ។
គម្រោងដែលប្រកបដោយច្នៃប្រឌិតនេះនឹងជួយលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងវិស័យកំណែទម្រង់អាទិភាព
របស់
កម្ពុជា ដោយការពង្រឹងស្ថាប័ននានា ការគាំទ្រភាពជាដៃគូ និងការចែករំលែកនូវបទពិសោធន៍។ ទាំងនេះអាចនឹងសម្រេចទៅបានដោយសារការជួយជំរុញនូវវិធានការ "ខាងផ្នែកទាមទារ" ដែលជួយពង្រឹងសមត្ថភាពរបស់ប្រជាជន សង្គមស៊ីវិល និងតួអង្គមិនមែនរដ្ឋផ្សេងៗទៀតឲ្យចូលរួមចំណែកជាមួយរដ្ឋាភិបាល និងធ្វើឲ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវ។ វិធានការទាំងនេះក៏លើកកម្ពស់សមត្ថភាពរដ្ឋាភិបាលដើម្បីឆ្លើយតបទៅប្រជាជនឲ្យបានប្រសើរជាងមុន។
លោក ឈីម៉ាវ ហ្វាន ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា "គម្រោងនេះគឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ធនាគារចំពោះការចូលរួមឲ្យបានទូលំទូលាយ
សម្រាប់កំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ ធនាគារបានផ្ដល់ភាពជាអ្នកដឹកនាំក្នុងការគាំទ្រការធ្វើកំណែទម្រង់អភិបាលកិច្ចលើវិស័យសាធារណៈនាពេលកន្លងមក។ ពេលនេះ គឺជាពេលវេលាដ៏ល្អមួយដើម្បីធ្វើការរួមគ្នាជាមួយនឹងអ្នកដែលមានការពាក់ព័ន្ធនានាដូចជា រាជរដ្ឋាភិបាលស្ថាប័នឯកជន សង្គមស៊ីវិល អ្នកផ្ដល់ជំនួយ សភា និងព្រឹទ្ធសភា និងប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើតជាការទាមទារឲ្យបានប្រសើរជាងមុនសម្រាប់អភិបាលកិច្ចល្អ"។
គំនិតផ្ដួចផ្ដើមនានាដែលចេញពីរាជរដ្ឋាភិបាល និងសង្គមស៊ីវិល នឹងត្រូវបានគាំទ្រក្រោមជំនួយនៃគម្រោងនេះ ដែលនឹងស្វែងរកការលើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យកំណែទម្រង់ជាអាទិភាពបួន គឺការអភិវឌ្ឍន៍វិស័យឯកជន ការគ្រប់គ្រងធនធានធម្មជាតិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ និងភាពជាដៃគូរបស់ប្រជាពលរដ្ឋដើម្បីអភិបាលកិច្ចល្អ។
គម្រោងនេះ នឹងផ្ដល់ការគាំទ្រដល់ស្ថាប័នបួនរបស់រដ្ឋដែលនឹងអនុវត្តប្រកបដោយជោគជ័យសម្រាប់គម្រោងស្ដីពីការទាមទារឲ្យ
មានអភិបាលកិច្ចល្អ ហើយបានបង្ហាញនូវការប្ដេជ្ញាចិត្តចំពោះការលើកកម្ពស់អភិបាលកិច្ច។
ចំនួនទឹកប្រាក់សរុបសម្រាប់គម្រោងរយៈពេលបួនឆ្នាំនេះ មាន២៥,២៨លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះ ៣,
៦២លានដុល្លារសហរដ្ឋអាមេរិកនឹងទទួលបានមកពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអូស្ត្រាលី (Aus AID) ហើយចំនួនដែលនៅសល់គឺបានមកពីជំនួយសមាគមអភិវឌ្ឍន៍អន្តរជាតិ (ស្ថាប័នរបស់ធនាគារពិភពលោក ដែលផ្ដល់ជូនប្រទេសដែលមានចំណូលទាប) ផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា។

Followers